Page


Saturday, November 7, 2015

ព្រះបន្ទូលថ្ងៃនេះ

ការគ្រប់គ្រងរបស់យ៉ូសែប
លោកុប្បតិ្ត ៤១:៣៧-៥៧

ផារ៉ោនបានតែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកគ្រប់គ្រងលើអេស៊ីព្ទ ហើយយ៉ូសែបបានចាត់ចែងជោគជ័យទាំងក្នុងឆ្នាំមានស្បៀងបរិបូរ និងក្នុងឆ្នាំអត់ឃ្លាន ដើម្បីជួយអេស៊ីព្ទឲ្យរួចផុតពីបញ្ហា។

តើព្រះជានរណា?

៤០-៤៥ ព្រះបានធ្វើឲ្យយ៉ូសែបក្លាយជាអ្នកគ្រប់គ្រងនៅអេស៊ីព្ទ។ ទោះជាគាត់មានអតីតកាលលំបាកក្ដី ក៏យ៉ូសែបជាអ្នកស្មោះត្រង់នេះ បានទទួលពរពីព្រះ និងភាពជោគជ័យក្នុងជីវិតដែរ។ តែចំណុចសំខាន់ក្នុងសាច់រឿងនេះ មិនមែននិយាយពីជោគជ័យរបស់យ៉ូសែបទេ។ ខ្លឹមសារសំខាន់នៃសាច់រឿងនេះ និយាយពីផែនការព្រះក្នុងការជួយសង្គ្រោះអ៊ីស្រាអែលតាមរយៈយ៉ូសែប និងនិយាយអំពីរបៀបដែលផែនការរបស់ទ្រង់ត្រូវបានសម្រេចតាមដំណាក់កាល។

គិត និងស្វែងយល់

ពេលផារ៉ោនបានឮពីការកាត់យល់សប្តិ និងសំណើររបស់យ៉ូសែបនោះ (៣៣-៣៦) ទ្រង់ក៏យល់ថា យ៉ូសែបជាមនុស្សសាកសមក្នុងការអនុវត្តផែនការនោះ ទើបទ្រង់បានតែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទ (៣៧-៤៤)។ យ៉ូសែបបានក្លាយជាអ្នកត្រួតត្រាលើស្រុកអេស៊ីព្ទទាំងវ័យក្មេង (អាយុ៣០ឆ្នាំ) តែគាត់មិនអួតអាងឡើយ ហើយខំបំពេញតួនាទីខ្លួនដោយស្មោះត្រង់វិញ។ ក្នុងរយៈពេល៧ឆ្នាំដែលសម្បូរស្បៀង គាត់បានត្រៀមទុកសម្រាប់៧ឆ្នាំទៀតដែលខ្វះស្បៀង ហើយបានសង់មូលដ្ឋានគ្រឹះក្នុងការជួយសង្គ្រោះអេស៊ីព្ទឲ្យរួចពីគ្រោះអត់ឃ្លានដ៏ធំ។ ក្នុងគ្រានោះយ៉ូសែបមានកូនប្រុស២ គឺម៉ាណាសេ និងអេប្រាអិម (៤៥-៥៧)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

៥៦-៥៧ គ្រោះអត់ឃ្លានមិនបានញាំញីតែស្រុកអេស៊ីព្ទប៉ុណ្ណោះទេ គឺពេញផែនដីទាំងមូល ដូច្នេះ មនុស្សពីគ្រប់ជាតិសាសន៍បានមករកយ៉ូសែបដើម្បីទិញស្បៀង។ ការសន្យារបស់ព្រះដែលថាគ្រប់ជាតិសាសន៍នឹងបានពរតាមរយៈអ័ប្រាហាំនោះ (លោកុប្បត្តិ ១២:) ត្រូវបានសម្រេចតាមរយៈយ៉ូសែប៕

អានគម្ពីរ៖ កិច្ចការ ៥-

អធិស្ឋាន៖ ព្រះដែលជាអ្នកគ្រប់គ្រងដ៏ពិតនៃលោកិយ៍នេះអើយ សូមជួយយើងខ្ញុំឲ្យរស់នៅក្នុងព្រះបន្ទូលទ្រង់។
Show Comments: OR

No comments:

Post a Comment