ការសម្ដែងល្ខោននៃការយល់សប្តិ
លោកុប្បត្តិ ៤២:១៨-៣៨
យ៉ូសែបបានឃាត់ស៊ីម្មានទុក
ហើយឲ្យពួកបងប្រុសឯទៀតនាំយកស្រូវត្រឡប់ទៅស្រុកវិញ
ហើយបង្គាប់ឲ្យពួកគេនាំបេនយ៉ាមីនមកជួបខ្លួនផង។
ការនេះគឺដើម្បីឲ្យសម្រេចការយល់សប្តិទី២របស់យ៉ូសែប
ដែលថាគ្រួសារទាំងមូលត្រូវឱនក្រាបចំពោះគាត់។
គិត និងស្វែងយល់
យ៉ូសែបបានចោទប្រកាន់ពួកបងប្រុសរបស់គាត់ពីការលួចស៊ើបការ
ហើយយកគេទៅដាក់គុកអស់៣ថ្ងៃ។ ក្រោយមកគាត់ក៏ឲ្យពួកគេយកស្បៀងត្រឡប់ទៅស្រុក
តែទុកស៊ីម្មានឲ្យនៅ។ យ៉ូសែបបានសន្យាថា ខ្លួននឹងដោះលែងស៊ីម្មាន
ឲ្យតែគេនាំប្អូនពៅរបស់គេឲ្យមកជួបនឹងខ្លួន។ ពេលឮយ៉ូសែបនិយាយដូច្នោះ
ពួកគេក៏ពិបាកចិត្តដោយព្រោះគេនឹកដល់ការអាក្រក់ ដែលគេបានធ្វើចំពោះយ៉ូសែប (១៨-២៥)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
១៩-២២ ពេលយ៉ូសែបទុកស៊ីម្មានធ្វើជាអ្នកទោសនោះ
ពួកបងគាត់បាននឹកចាំពីអ្វីដែលខ្លួនបានធ្វើចំពោះយ៉ូសែប តាំងពីយូរមកហើយនោះ។
ហើយរូបេនបានគិតថា ការនេះជាទណ្ឌកម្មរបស់ព្រះចំពោះឈាមរបស់យ៉ូសែប។ តើហេតុការណ៍ដែលយើងជួបសព្វថ្ងៃនេះ
រំលឹកយើងពីអំពើបាបអតីតកាលឬទេ? ទោះជាអំពើបាបរបស់យើងកន្លងផុតទៅហើយក្ដី
ក៏យើងមិនត្រូវព្រងើយកន្តើយឡើយ ហើយត្រូវឆ្លើយតបដោយយកចិត្តទុកដាក់វិញ។
២៦-៣៥ ពេលពួកបងយ៉ូសែបបានឃើញប្រាក់នៅក្នុងបាវស្រូវ
នោះគេក៏មានការកោតខ្លាចចំពោះព្រះ។ គេគិតថា ព្រះកំពុងដាក់ទណ្ឌកម្មគេចំពោះការលក់យ៉ូសែប។
តែតាមពិត ព្រះកំពុងសម្រេចផែនការរបស់ទ្រង់ក្នុងការជួយសង្គ្រោះគេវិញ។
អានគម្ពីរ៖ កិច្ចការ ១០:១២
អធិស្ឋាន៖ ពេលយើងខ្ញុំគិតអំពើបាបអតីតកាលរបស់ខ្លួននោះ សូមជួយឲ្យយើងខ្ញុំប្រែចិត្ត
ហើយបែរមករកទ្រង់វិញ។

