Page


Tuesday, January 26, 2016

ព្រះបន្ទូលថ្ងៃនេះ

ពីរាជវាំងទៅស្រុកម៉ាឌាន
និក្ខមនំ ២:១១-២៥

បន្ទាប់ពីរស់ក្នុងវាំងអស់ ៤០ឆ្នាំ ម៉ូសេក៏គ្រោងនឹងចេញទៅជួយរាស្រ្តខ្លួន តែត្រូវបរាជ័យ ព្រោះរាស្រ្តខ្លួននោះ ខ្វះការសហការ។ រួចម៉ូសេ ក៏គេចខ្លួនទៅស្រុកម៉ាឌាន។
តើព្រះជានរណា?
            ២៣-២៥ ព្រះបានស្ដាប់ឮការស្រែកថ្ងូររបស់អ៊ីស្រាអែល ហើយនឹងចាំពីការសន្យា។ ពួកអ៊ីស្រាអែលអាចនឹងយល់ថា ព្រះទុកគេចោល ពេលគេមានទុក្ខធ្ងន់។ តែតាមពិត ព្រះគង់ជាមួយគេ ហើយកំពុងស្ដាប់ការស្រែកថ្ងូររបស់គេផង។ ព្រះតែងគង់ជាមួយពួកអ្នក ដែលកំពុងរងទុក្ខ ហើយស្ដាប់សម្រែករបស់គេ។ ចូរជញ្ជឹងគិតថាតើ ព្រះជានរណាសម្រាប់យើង។
គិត និង ស្វែងយល់
            ទោះម៉ូសេបានចម្រើនវ័យនៅក្នុងវាំងអេស៊ីព្ទក៏ដោយ ក៏គាត់មិនភ្លេចថា ខ្លួនជាសាសន៍ហេព្រើរដែរ។ ថ្ងៃមួយ ពេលឃើញសាសន៍អេស៊ីព្ទម្នាក់វាយធ្វើបាបសាសន៍ហេព្រើរនោះ គាត់ក៏ទប់កំហឹងមិនបាន រួចបានសម្លាប់សាសន៍អេស៊ីព្ទនោះទៅ។ ពេលរឿងរ៉ាវនេះបែកការ ម៉ូសេក៏បានគេចខ្លួនទៅឯស្រុកម៉ាឌាន (១១-១៥)។
            ទៅដល់ម៉ាឌាន ម៉ូសេក៏បានរៀបការនឹងនាងសេផូរ៉ា (ជាកូនស្រីរបស់សង្ឃរេហួល) ហើយធ្វើការជាអ្នកឃ្វាលចៀម។ គេក៏មានកូនប្រុសមួយឈ្មោះថា គើសំម (អញជាអ្នកស្នាក់នៅស្រុកដទៃ)។ ទន្ទឹមនឹងនោះ ការរងទុក្ខរបស់អ៊ីស្រាអែលនៅស្រុកអេស៊ីព្ទក៏កាន់តែធ្ងន់ធ្ងរឡើង ហើយព្រះក៏ស្ដាប់ឮដំងូររបស់គេ (១៦-១៥)
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
          ១១-១២ ដោយសារសេចក្ដីជំនឿ នោះម៉ូសេបានលះចោលភាពសុខស្រួលក្នុងវាំង ហើយសម្រេចទៅរួមសុខរួមទុក្ខជាមួយរាស្រ្តខ្លួន (ហើព្រើរ ១១:២៤)។ បើយើងជាអ្នកជឿ តើយើងមិនគួរប្រើអំណោយទាន និងឯកសិទ្ធិ ដែលព្រះផ្ដល់ឲ្យ ដើម្បីជួយដល់មនុស្ស ដែលកំពុងរងទុក្ខទេឬ?

អានគម្ពីរ៖ និក្ខមនំ ៣៦-៣៨
អធិស្ឋាន៖ សូមឲ្យគ្រប់អ្វីៗដែលទ្រង់ប្រទានដល់យើងខ្ញុំ ត្រូវបានយកទៅប្រើតាមមធ្យោបាយ ដែលទ្រង់សព្វព្រះទ័យ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment