ចូរឈានទៅរកភាពពេញវ័យ
ហេព្រើរ
៥:១១-៦:៨
អ្នកនិពន្ធនេះ
ពន្យល់ពីសារៈសំខាន់ក្នុងការស្ដាប់ព្រះបន្ទូល ដែលព្រះមានបន្ទូលទៅកាន់កូនរបស់ទ្រង់
និងសារៈសំខាន់ក្នុងការឆ្លើយតបដោយស្ដាប់បង្គាប់។
ហើយគាត់ក៏ដាស់តឿនយើងឲ្យមានភាពពេញវ័យក្នុងក្ដីជំនឿ។
តើព្រះជានរណា?
៦:១-៣ ព្រះជួយយើងឲ្យមានភាពពេញវ័យក្នុងក្ដីជំនឿ។
ដើម្បីធ្វើការនេះ ទ្រង់បានចាត់ព្រះយេស៊ូវឲ្យមកទទួលការលំបាកដូចយើងដែរ
ហើយព្រះក៏នាំទ្រង់ឲ្យមានជ័យជំនះ។ ចូរកុំខកចិត្តឡើយ ទោះជាយើងបរាជ័យ
ដោយបានខំប្រឹងប្រែងហើយក្ដី។ ព្រះបានប្រទានដល់យើងនូវព្រះយេស៊ូវ។ យើងត្រូវពឹងផ្អែកលើជំនួយនៃព្រះយេស៊ូវ
ហើយឈានឆ្ពោះទៅរកភាពពេញវ័យ។
គិត និងស្វែងយល់
អ្នកនិពន្ធនេះចង់ពន្យល់បន្ថែមអំពីទំនាក់ទំនងរវាងព្រះយេស៊ូវ
និងលោកម៉ិលគីស្សាដែក តែគាត់មានការខកចិត្ត
ដោយព្រោះពួកអ្នកអានមិនមានភាពពេញវ័យខាងជំនឿល្មមនឹងអាចយល់បាន។
ទោះជាគេបានជឿលើព្រះយេស៊ូវយូរមកហើយក្ដី ក៏គេនៅដូចជាកូនតូច ដែលត្រូវការទឹកដោះ
ជាជាងអាហារឹងដែរ (៥:១១-៦:៣)។ ទោះជានរណាម្នាក់បានពិសោធនូវព្រះគុណព្រះ
និងព្រះវិញ្ញាណបរិសុទ្ធក្ដី បើគេព្យាយាមរករឿងទាស់នឹងព្រះយេស៊ូវ ហើយបដិសេធទ្រង់
ដើម្បីគេចផុតពីការឈឺចាប់នោះ គេមិនអាចហៅខ្លួនគេថា ជាគ្រីស្ទានពិតប្រាកដបានទេ។
ដើម្បីឲ្យគ្រីស្ទានអាចទ្រាំទ្រនឹងការឈឺចាប់នោះ គេត្រូវទទួលទានព្រះបន្ទូលព្រះ
ដូចជាអាហាររឹង ហើយកាន់តែមានភាពពេញវ័យខាងឯវិញ្ញាណ (៦:៤-៨)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៦:៧-៨ បើយើងក្លាយជាដី ដែលដុះតែបន្លា
និងអញ្ចាញជំនួសដំណាំមានប្រយោជន៍នោះ ទោះជាយើងធ្លាប់ទទួលព្រះគុណនៃការប្រោសលោះក៏ដោយ
គង់តែយើងមិនអាចគេចផុតពីបណ្ដាសា និងការជំនុំជំរះរបស់ព្រះបានឡើយ។
តើផលផ្លែប្រភេទណាដែលយើងបញ្ចេញ?
អានគម្ពីរ៖ ១ថែស្សាឡូនិច ១-៥
អធិស្ឋាន៖
សូមឲ្យយើងខ្ញុំបង្កើតផលផ្លែនៃការស្ដាប់បង្គាប់ ដែលមិនបដិសេធព្រះគុណ
ដែលទ្រង់ផ្ដល់ឲ្យ ហើយជួយយើងខ្ញុំឲ្យបានគាប់ព្រះទ័យទ្រង់៕

